Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម គឹម កែវរស្មី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ខេត្តប៉ៃលិន និងខេត្តបាត់ដំបង

    (ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្តប៉ៃលិន។
    ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមការងារអធិការកិច្ច ត្រូវពង្រឹងបន្ថែមលើការងារចុះអធិការកិច្ច ធ្វើយ៉ាងណាត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនូវរាល់ចន្លោះខ្វះខាតនានា និងចាត់វិធានការភ្លាមៗចំពោះករណីល្មើសណាមួយ ដែលបានកើតឡើងក្នុងសហគ្រាស គ្រឹះស្ថាននីមួយៗ ទាក់ទងទៅនឹងការចុះបញ្ជិកា ឬបង់ភាគទានមិនបានត្រឹមត្រូវ ឬរាយការណ៍ពីស្ថានភាព នៃសហគ្រាស គ្រឹះស្ថានទាំងនោះ មិនបានត្រឹមត្រូវតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានណែនាំឱ្យសាខា ប.ស.ស. ខេត្តត្រូវរៀបចំផែនការថវិកាសម្រាប់ឆ្នាំ២០២៦ ឱ្យបានត្រឹមត្រូវសម្រាប់ប្រើប្រាស់លើការអនុវត្តការងាររបបសន្តិសុខសង្គម ចៀសវាងមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង ដែលបង្កឱ្យមានការលំបាកក្នុងការអនុវត្តការងារជូនអង្គភាពរបស់ខ្លួន។
    សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ឯកឧត្តមអគ្គនាយករងបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ខេត្តបាត់ដំបង និងបានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ក្នុងខេត្តទាំងពីរ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ដោយទំនួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.