Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម គឹម កែវរស្មី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ

    (បន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការងារចុះអធិការកិច្ច របស់សាខា ប.ស.ស. ខេត្ត នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាននានា។
    ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ ត្រូវពិនិត្យឱ្យបានលម្អិត នូវរាល់ករណីពាក់ព័ន្ធនឹងការចុះបញ្ជី និងការបង់ភាគទានរបស់និយោជកនៅក្នុងសហគ្រាសនីមួយៗ និងចាត់វិធានការភ្លាមៗ ចំពោះករណីល្មើសណាមួយ ដែលបង្កប់នូវភាពមិនប្រក្រតីក្នុងការចុះបញ្ជី និងការបង់ភាគទាន ដើម្បីធានាបាននូវការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គមឱ្យបានត្រឹមត្រូវ និងពេញលេញ ជូនដល់កម្មករនិយោជិតទាំងអស់។
    ឯកឧត្តមអគ្គនាយករង បានបន្តលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិកទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារលើការធ្វើទំនើបកម្មសេវា និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីធានាថាសហគ្រាសថ្មីៗត្រូវបានចុះបញ្ជីយ៉ាងរហ័ស និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ជាប្រយោជន៍ដល់សមាជិក ប.ស.ស.។
    ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយករង បានចុះពិនិត្យតាមជាន់នីមួយៗ នៃអគារ និងបានពិនិត្យទៅលើ សម្ភារៈបរិក្ខារ ឧបករណ៍អេឡិចត្រូនិក ដែលមន្ត្រី និងបុគ្គលិកកំពុងប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីដឹងពីស្ថានភាពសម្ភារៈបរិក្ខារ ឧបករណ៍អេឡិចត្រូនិក ក្នុងកិច្ចប្រតិបត្តិការងារប្រចាំថ្ងៃក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. និងកម្មករនិយោជិតឱ្យ រលូន និងមានប្រសិទ្ធភាពខ្ពស់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.