(សៀមរាប)៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្តសៀមរាប ដើម្បីពង្រឹងការងារចុះអធិការកិច្ច និងដោះស្រាយករណីល្មើសពាក់ព័ន្ធនឹងការចុះបញ្ជី ព្រមទាំងការបង់ភាគទានរបស់និយោជកតាមសហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានរបស់ខ្លួន ធានាឱ្យបាននូវប្រព័ន្ធសន្តិសុខសង្គមមានភាពរឹងមាំ។
ឯកឧត្តមអគ្គនាយករង បានបន្តលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិកទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្តបំពេញការងារលើការធ្វើទំនើបកម្មសេវា និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីធានាថាសហគ្រាសថ្មីៗត្រូវបានចុះបញ្ជីជាមួយ ប.ស.ស. សម្រាប់ជាប្រយោជន៍ដល់សមាជិក ប.ស.ស.។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ក៏បានអញ្ជើញចុះពិនិត្យការងារផ្ទាល់ក្នុងអគារ និងពិនិត្យតាមជាន់នីមួយៗ នូវសម្ភារបរិក្ខារ និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីធានាថា សម្ភារ និងបរិក្ខារទាំងអស់ស្ថិតក្នុងស្ថានភាពប្រសើរ មានគុណភាព និងអាចប្រើប្រាស់បាន ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់មន្ត្រី និងបុគ្គលិកឱ្យដំណើរការរលូន ឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ន៕

















