ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល និងការចែកវិញ្ញាបនបត្រជូនសិក្ខាកាម ចូលរួមវគ្គបណ្ដុះបណ្ដាលក្រោមការឧបត្ថម្ភគាំទ្រដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. និងតំណាងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ចំនួន១៤០រូប។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងដោយក្តីជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ យកទៅអភិវឌ្ឍលើការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរ និងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបន្តចែករំលែកចំណេះដឹងទៅដល់មន្ត្រី និងបុគ្គលិកនៅតាមនាយកដ្ឋានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតអគ្គនាយករង ប.ស.ស. ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូឧទ្ទេស និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលតែងតែផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងស្ថាប័ន ប.ស.ស. ទាំងមូល។
សូមបញ្ជាក់ថា៖ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដល់កិត្តិយសអញ្ជើញប្រគល់វិញ្ញាបនបត្រដោយផ្ទាល់ជូនដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះផងដែរ៕
















