ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាជាមួយតំណាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME) ស្ដីពី “ឱកាសនៃការវិនិយោគមូលនិធិសន្តិសុខសង្គម ជាមួយធនាគារ SME “ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា ១៥នាក់។
កិច្ចប្រជុំពិភាក្សាខាងលើនេះ មានគោលដៅសិក្សាអំពីលទ្ធភាពនៃការវិនិយោគ ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានធ្វើបទបង្ហាញទៅវិញទៅមកដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរ និងស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅអំពីសក្តានុពល និងទិសដៅរៀងៗខ្លួន មុននឹងឈានទៅដល់ការពិនិត្យលទ្ធភាពក្នុងការវិនិយោគ។
កិច្ចប្រជុំពិភាក្សានេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ ប.ស.ស. ក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពមូលនិធិសន្តិសុខសង្គម ប្រកបដោយនិរន្តរភាព និងផលប្រយោជន៍ខ្ពស់សម្រាប់សមាជិក ប.ស.ស. ទាំងអស់៕













