(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកទទួលផល ដែលជាសោធនិក អ្នកបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ អ្នកទទួលបានធនលាភឧត្តរជីវី និងអ្នកត្រៀមចូលនិវត្តន៍ នៅរាជធានីភ្នំពេញ ប្រមាណជា ៣០០នាក់ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយស្តីពី “អត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនសោធនិក អ្នកបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ អ្នកទទួលបានធនលាភឧត្តរជីវី និងអ្នកត្រៀមចូលនិវត្តន៍ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមានបងប្អូនដែលទទួលផល ជាពិសេសបងប្អូនជាសោធនិក ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ទាំងនេះជាសមិទ្ធផលប្រវត្តិសាស្រ្ដដែលបង្កើតដោយសម្ដេចតេជោ នឹងបច្ចុប្បន្នត្រូវបានអនុវត្តបន្ដក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការរឹងមាំ និងរីកចម្រើននៃប្រព័ន្ធសន្តិសុខសង្គម គឺកើតចេញពីគោលនយោបាយ និងយុទ្ធសាស្ត្រលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់កម្មករនិយោជិត។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបន្ដគាំទ្ររាជរដ្ឋាភិបាល ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងប្រព័ន្ធសន្ដិសុខសង្គមយូរអង្វែងសម្រាប់ប្រទេសជាតិនាពេលអនាគតផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរដ្ឋាភិបាលប្រឆាំងជាមួយនឹងការឈ្លានពានទឹកដី តាមរយៈស្មារតីសាមគ្គីជាតិ ការចូលរួមគាំទ្រកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងរក្សាបូរណភាពទឹកដីនៅតាមបណ្ដាព្រំដែនមួយចំនួន ដែលកំពុងតានតឹងផងដែរ៕
















