(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាសមាជិកក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. អមឯកឧត្តម ជា កុសល រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច នៅសាលប្រជុំ អគារ “ឃ” នៃទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងជាប្រធានក្រុមការងារអន្តរក្រសួង ដែលមានសមាជិកចូលរួមមកពីក្រសួង-ស្ថាប័នសរុបប្រមាណជា ១៥០នាក់ ក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងកំណត់ទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ក៏ដូចជាពិនិត្យលើផែនការសកម្មភាពសម្រាប់ការអនុវត្តយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដែលជាផែនទីបង្ហាញផ្លូវដ៏មុតស្រួច សម្រាប់ក្រសួង ស្ថាប័ន ក្នុងការកែទម្រង់ការផ្តល់សេវាសាធារណៈក្នុង ក្របខ័ណ្ឌធុរកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕















