(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំដំបូងស្ដីពី “ការវាយតម្លៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តរបស់ ប.ស.ស.”ដែលប្រព្រឹត្តទៅនៅការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៣០រូប។
កិច្ចប្រជុំនេះ គឺជាការជួបពិភាក្សារវាងភាគីពាក់ព័ន្ធ និងអ្នកស្រាវជ្រាវ ដើម្បីពិនិត្យឡើងវិញលើគោលបំណងសំខាន់ៗ ពន្យល់អំពីតម្រូវការនៃទិន្នន័យ និងព័ត៌មាន ព្រមទាំងបង្ហាញនូវផែនការការងារលម្អិត ពាក់ព័ន្ធនឹងគម្រោងវាយតម្លៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តរបស់ ប.ស.ស. ក្នុងន័យជួយគាំទ្រដល់ការធ្វើកំណែទម្រង់នានាដើម្បីពង្រឹងនិរន្តរភាពនៃរបបសន្តិសុខសង្គម និងសម្រេចឱ្យបាននូវការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។
នៅទីបញ្ចប់ អង្គប្រជុំបានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការសហការផ្តល់ព័ត៌មាន និងបច្ចេកទេស ដើម្បីឱ្យគម្រោងវាយតម្លៃនេះទទួលបានជោគជ័យ និងជាមូលដ្ឋានគ្រឹះក្នុងការកែលម្អសេវា ប.ស.ស. ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

















