Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងស្តីពី “ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI)”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង SASI តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងស្តីពី “ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI)” ដែលរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
    សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលការងារ ឆ្លុះបញ្ចាំងពីបទពិសោធន៍សំខាន់ៗ និងជំរុញឱ្យមានការឯកភាពគ្នា ដើម្បីបន្តពង្រីកវិសាលភាពរបបសន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។
    គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០២៣មក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងអង្គការហ្គ្រេត (GRET) បានសហការអនុវត្តគម្រោងស្តីពី “ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI)” ក្នុងគោលបំណងសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ និងពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. ដើម្បីឆ្ពោះទៅរកការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់វិស័យកសិកម្ម ក្នុងការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងរួមចំណែកដល់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (UHC Roadmap)។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាបិទបញ្ចប់គម្រោង SASI នេះ បានប្រព្រឹត្តទៅដោយមានវត្តមានអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួល ក្រុមការងារបច្ចេកទេស និងអនុក្រុមការងារបច្ចេកទេសទទួលបន្ទុកគម្រោង SASI តំណាង និងជំនាញការនៃអង្គការហ្គ្រេត (GRET) តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្រុមប្រឹក្សាជាតិគាំពារសង្គម មូលនិធិជាតិជំនួយសង្គម វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD) ក្រុមហ៊ុនមេធាវី អានន្ត (ANANT) អង្គការអន្តរជាតិខាងការងារ (ILO) កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) អង្គការយូនីសេហ្វ (UNICEF) និងស្ថាប័នដៃគូពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ៦២រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.