(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ស្ពឺ” សរុបជាង២០០រូប។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម បាននិងកំពុងបោះជំហានទៅមុខ ស្របតាមកម្មវិធីគោលនយោបាយអាទិភាព និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលបង្ហាញផ្លូវរយៈពេលវែង ក្នុងនោះប្រព័ន្ធសន្តិសុខសង្គម ដែលមានបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ដែលជួយដល់សមាជិកក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូលដោយសារការឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ពិការភាព ចូលនិវត្តន៍ និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកឡើងបន្តទៀតថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យមន្ត្រីទទួលបន្ទុកការងារ ប.ស.ស. ប្រចាំមន្ទីរ ស្ថាប័ន និងអង្គភាព ក្រោមឱវាទរដ្ឋបាលខេត្តកំពង់ស្ពឺ បានស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីនីតិវិធីចុះបញ្ជិកា និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ព្រមទាំងជាមូលដ្ឋានក្នុងការយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅមន្ទីរ ស្ថាប័ន និងអង្គភាពរបស់ខ្លួនផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ីម រតនៈ អភិបាលរង តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថាសមាជិក សមាជិកា នៃអង្គពិធីទាំងអស់សូមចូលរួមស្តាប់បទបង្ហាញពីមន្រ្តីជំនាញមកពីបេឡាជាតិសន្តិសង្គម ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមលើកជាសំណួរ ដើម្បីទទួលបានការពន្យល់បន្ថែមឱ្យយល់កាន់តែច្បាស់ ត្រឹមត្រូវ និងអាចយកទៅផ្សព្វផ្សាយ ឬពន្យល់ទៅកាន់អ្នកផ្សេងទៀតបាន ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. ដែលបានរៀបចំសិក្ខាសាលានេះឡើងដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ បានយល់ដឹងបន្ថែមលើរបបសន្តិសុខសង្គម៕

















