តាកែវ៖ មន្រ្តីរាជការដែលមានសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូនក្នុងបន្ទុក សូមអញ្ជើញមកចុះបញ្ជីចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។ នេះជាការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាសហធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួមប្រមាណជា១៩០នាក់។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា នៅក្នុងខេត្តតាកែវ មន្រ្តីរាជការដែលចុះបញ្ជីជាមួយ ប.ស.ស. មានចំនួនជាង ២ម៉ឺន ៤ពាន់នាក់ ប៉ុន្តែមានមន្រ្តីរាជការចំនួន ៧ ២៨៣នាក់ នៃចំនួនមន្រ្តីរាជការសរុបក្នុងខេត្តតាកែវ ដែលបានចុះបញ្ជីអ្នកក្នុងបន្ទុករបស់ពួកគាត់ ក្នុងនោះមានសហព័ទ្ធចំនួន ៥ ០៨១នាក់ និងកូនក្នុងបន្ទុកចំនួន ៩ ២១៤នាក់។
ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមជួយផ្សព្វផ្សាយខ្លឹមសារបន្ត និងនាំសមាជិកគ្រួសារដែលស្ថិតក្នុងបន្ទុករបស់ខ្លួនដើម្បីទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុតឱ្យបានគ្រប់ៗគ្នា ដើម្បីក្លាយជាសមាជិក ប.ស.ស. និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្របតាមបទប្បញ្ញត្តិជាធរមានផងដែរ។
ក្នុងឱកាសជាមួយគ្នានោះដែរ លោកបណ្ឌិត មូល វិចិត្រ អភិបាលរង តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ការយល់ដឹងអំពីរបបសន្តិសុខសង្គម មិនមែនគ្រាន់តែជាការដឹងអំពីកាតព្វកិច្ចនោះទេ ប៉ុន្តែវាគឺជាការការពារសិទ្ធិ និងសុខុមាលភាពផ្ទាល់ខ្លួនរបស់មន្ត្រីរាជការយើងគ្រប់រូប។ លោកបណ្ឌិតអភិបាលរង បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីការធ្វើបទបង្ហាញដោយមន្ត្រីជំនាញ ប.ស.ស. ដើម្បីយល់ឱ្យច្បាស់ពីនីតិវិធី និងអត្ថប្រយោជន៍ផ្សេងៗដែលត្រូវទទួលបាន ជាពិសេសសូមឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ ជួយផ្សព្វផ្សាយបន្តដល់មន្ត្រីក្រោមឱវាទ ដែលមិនបានមកចូលរួមនៅទីនេះ ដើម្បីឱ្យពួកគាត់បានជ្រួតជ្រាប និងប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ៕













