(ភ្នំពេញ) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ដោយមានការចូលរួមពីម្ចាស់ ឬតំណាង ក្រុមហ៊ុន រោងចក្រ សហគ្រាស ប្រមាណជា ៣០០នាក់ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗដែលនិយោជក និងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសត្រូវដឹង និងអនុវត្តឱ្យខានតែបាន ដែលមានន័យថា រាល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ទាំងអស់ដែលមានប្រើប្រាស់កម្លាំងពលកម្ម (បុគ្គលិក) ចាប់ពី ១នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួននៅ ប.ស.ស. ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ក្រោយបើកដំណើរការ។
ឯកឧត្តមអគ្គនាយករង បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីបានចុះបញ្ជីក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួននៅ ប.ស.ស. រួចរាល់ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវបញ្ជូនបុគ្គលិករបស់ខ្លួន មកចុះបញ្ជីចូលក្នុងប្រព័ន្ធ ប.ស.ស. ដើម្បីទទួលបានប័ណ្ណសមាជិក។ លើសពីនេះនិយោជក ឬម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ក៏ត្រូវមានភារកិច្ច បង់ភាគទានប្រចាំខែឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមកាលកំណត់ជូនបុគ្គលិករបស់ខ្លួន ដើម្បីធានាថាបុគ្គលិកមិនបាត់បង់សិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស. ស្របទៅតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
ឯកឧត្តមអគ្គនាយករង បានបន្តថា ការចូលរួមក្នុងរបបសន្តិសុខសង្គម មិនមែនជាបន្ទុកនោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើសុខុមាលភាពធនធានមនុស្ស ដែលកម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ធំៗចំនួន ៣ ដែលរួមមាន៖
(១)- ផ្នែកហានិភ័យការងារ ៖ ទទួលបានការសម្រាកព្យាបាល និងប្រាក់ឧបត្ថម្ភផ្សេងៗ នៅពេលមានគ្រោះថ្នាក់ការងារ (រួមទាំងគ្រោះថ្នាក់ពេលធ្វើដំណើរ) ឬជំងឺវិជ្ជាជីវៈ។
(២)- ផ្នែកថែទាំសុខភាព ៖ ទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភមាតុភាពសម្រាប់ស្ត្រីសម្រាលកូន។
(៣)- ផ្នែកប្រាក់សោធន (សោធននិវត្តន៍) ៖ ធានាឱ្យមានប្រាក់ចំណូលទៀងទាត់ប្រចាំខែនៅពេលដល់អាយុចូលនិវត្តន៍ ដើម្បីរស់នៅដោយសមរម្យ និងមានសេចក្ដីថ្លៃថ្នូរ។
ឯកឧត្តមអគ្គនាយករង បានបន្ថែមថា លើសពីនេះ ការចូលរួមអនុវត្តកាតព្វកិច្ច មិនត្រឹមតែជាការគោរពច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់និយោជក ចំពោះសុវត្ថិភាព និងស្ថិរភាពជីវភាពរបស់បុគ្គលិក ដែលជាកម្លាំងចលករស្នូលនៃក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ពួកគេ។
សូមបញ្ជាក់ថា ៖ សិក្ខាសាលានេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដែលតំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការចុះបញ្ជី និងអត្ថប្រយោជន៍នៃការបង់ភាគទាន ដែលជាផ្នែកមួយនៃការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែរឹងមាំ៕














