Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាផ្សព្វផ្សាយលើប្រកាសស្ដីពី «ការកំណត់វិធានប្រុងប្រយ័ត្នលើការបែងចែកកញ្ចប់វិនិយោគនៃមូលនិធិសន្តិសុខសង្គម» និងប្រកាសស្ដីពី «គោលការណ៍នៃការប្រើប្រាស់ផលចំណេញពីការវិនិយោគមូលនិធិសន្តិសុខសង្គម»

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយនិយ័តករសន្តិសុខសង្គម (ន.ស.ស.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើប្រកាសស្ដីពី «ការកំណត់វិធានប្រុងប្រយ័ត្នលើការបែងចែកកញ្ចប់វិនិយោគនៃមូលនិធិសន្តិសុខសង្គម» និងប្រកាសស្ដីពី «គោលការណ៍នៃការប្រើប្រាស់ផលចំណេញពីការវិនិយោគមូលនិធិសន្តិសុខសង្គម»។
    នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះដែរ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះវត្តមាន លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករង ន.ស.ស. ។
    សិក្ខាសាលាផ្សព្វផ្សាយខាងលើរៀបចំឡើងក្នុងគោលបំណង៖ (១).បញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីក្របខណ្ឌគតិយុត្តថ្មីៗ ដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រង និងចាត់ចែងមូលនិធិសន្តិសុខសង្គម (២).ធានានិរន្តរភាពមូលនិធិ លើការវិនិយោគទុនរបស់ ប.ស.ស. ដោយត្រូវអនុវត្តផ្អែកលើវិធានប្រុងប្រយ័ត្នខ្ពស់ សំដៅការពារផលប្រយោជន៍របស់សមាជិក និងនិរន្តរភាពហិរញ្ញវត្ថុយូរអង្វែង (៣). តម្លាភាពក្នុងការប្រើប្រាស់ផលចំណេញ ដោយកំណត់ឱ្យបានច្បាស់លាស់នូវយន្តការ និងគោលការណ៍នៃការបែងចែកផលចំណេញដែលទទួលបានពីការវិនិយោគ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
    អង្គសិក្ខាសាលា បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ដើម្បីឱ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន និងមានសង្គតិភាពជាមួយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។
    សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅមួយថ្ងៃពេញ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃ ប.ស.ស. និងថ្នាក់ដឹកនាំ មន្ត្រី នៃ ន.ស.ស. សរុបប្រមាណជាង១០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.