ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់បេឡាជាតិសន្តិសុខសង្គម។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិសរុបប្រមាណជាង៤០០នាក់ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃ ប.ស.ស. និងក្រសួង ស្ថាប័នពាក់ព័ន្ធ មូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ដែលបានចូលរួមចំណែកគ្រប់សកម្មភាព ក្នុងស្មារតីធ្វើឱ្យស្ថាប័នមួយនេះសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងសមាជិក ប.ស.ស. នៅទូទាំងប្រទេសឱ្យទទួលបានភាពកក់ក្តៅ។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៥ សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពចំនួនជាង៣លាន៥សែននាក់ ដែលក្នុងនោះបុគ្គលស្វ័យនិយោជន៍មានចំនួនជាង៥៩ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានប្រមាណ ២៦ម៉ឺននាក់។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្ននេះ ប.ស.ស. បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (ម៉ាស៊ីនស្វ័យសេវា) នៅតាមមន្ទីរពេទ្យមួយចំនួនហើយ ក្នុងការគ្រប់គ្រងទិន្នន័យ និងការផ្ដល់សេវាសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួល ឱ្យបានលឿនឆាប់រហ័ស ធានានូវតម្លាភាព និងគណនេយ្យភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការផ្តល់ដំបូន្មានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» ជាគោលដៅចម្បងបំផុត។ ក្នុងនោះ កិច្ចការអាទិភាពសំខាន់ៗរួមមាន៖ (១).ការពង្រឹងប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងការពង្រីកសេវាថែទាំសុខភាពឱ្យបានទូទាំងប្រទេស ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឱ្យស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ចជាក់ស្តែង (២).អភិក្រមហានិភ័យនៃវដ្ដជីវិតឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” គឺជាស្នូលនៃវដ្ដជីវិត ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ដើម្បីគាំពារពលរដ្ឋតាំងពីចាប់កំណើត រហូតដល់ជរាភាព។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក ប.ស.ស. ទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស. និងបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ដើម្បីបង្កលក្ខណៈងាយស្រួល ធានានូវតម្លាភាព និងគណនេយ្យភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ និងឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលចូលរួមពិភាក្សាឱ្យបានផុលផុស នឹងស៊ីជម្រៅបន្ថែមទៀតលើប្រធានបទ (១).ការគ្រប់គ្រងមូលនិធិសន្តិសុខសង្គម របស់ ប.ស.ស. និង(២).ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីជាធាតុចូលបន្ថែម និងដាក់ចេញនូវដំណោះស្រាយសមស្របនានា សម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានោះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍រាយការណ៍អំពីវឌ្ឍនភាពការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ ក៏ដូចជាបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក ប.ស.ស. ឱ្យបានទាន់ពេលវេលា និងកាន់តែប្រសើរឡើង៕




















