Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីរាជការជាង ៣ម៉ឺននាក់ ក្នុងខេត្តកណ្តាល កំពុងទទួលបានការគាំពារយ៉ាងកក់ក្តៅពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ និងថែទាំសុខភាព

    ខេត្តកណ្តាល៖ មន្រ្តីរាជការប្រមាណជាង ៣ម៉ឺននាក់ ក្នុងរដ្ឋបាលខេត្តកណ្តាល បាននឹងកំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងនោះមានមន្រ្តីរាជការប្រមាណជាង ៥ពាន់នាក់ បាននាំសហព័ទ្ធ ព្រមកូនក្នុងបន្ទុក មកចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីក្លាយជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត ដោយការបង់ភាគទានគឺជា «បន្ទុករបស់រដ្ឋ» ទាំងស្រុង។
    នេះជាប្រសាសន៍ថ្លែងឡើងនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. អញ្ជើញជាសហធិបតីជាមួយ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកណ្តាល សរុបប្រមាណជា ២៧០នាក់។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា មន្រ្តីរាជការទាំងអស់ នៅពេលឈឺ ឬគ្រោះថ្នាក់ដោយចៃដន្យ នឹងទទួលបានការគាំពារពី ប.ស.ស. ហើយនៅពេលសហព័ទ្ធ និងអ្នកក្នុងបន្ទុក ក្លាយជាសមាជិក ប.ស.ស. ដែរ នោះពួកគាត់នឹងទទួលសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមទាំង៣ រួមមានផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ និងផ្នែកប្រាក់សោធន ដោយធានាបានថាសមាជិក ប.ស.ស. ទាំងអស់ទទួលបានការពិនិត្យព្យាបាល និងការទទួលសេវាផ្សេងៗ របស់ ប.ស.ស. ប្រកបដោយប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និងទាន់ពេលវេលា។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើឱ្យមន្ត្រីរាជការទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មានដ៏មានសារៈសំខាន់នេះបន្តទៅកាន់សមាជិកគ្រួសារ និងមូលដ្ឋាន ដើម្បីធានាថាគ្រប់គ្នាទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវនាំអ្នកក្នុងបន្ទុកដែលជា (ប្តី ប្រពន្ធ ឬកូន) អាចយកពួកគាត់មកចុះបញ្ជីដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស. គ្រប់ៗគ្នា៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.