Mail |
  • ភាសាខ្មែរ
  • English
  • ខេត្តបន្ទាយមានជ័យ ជាខេត្តគំរូទី២ ដែលមានរថយន្តដឹកកម្មករនិយោជិតមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

    (បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ស.ផ.ក តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាសហធិបតីក្នុងពីធីបើកកម្មវិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ HI-TECH APPAREL (CAMBODIA) CO., LTD. ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។
    ថ្លែងបើកពិធីផ្សព្វផ្សាយ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ជាខេត្តទី២បន្ទាប់ពីខេត្តកោះកុងដែលមានរថយន្តដឹកកម្មករដែលមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព ហើយក៏ជាខេត្តពុំសូវមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនោះដែរ អាចទុកជាខេត្តគំរូ និងបណ្តាអ្នកបើកបររថយន្តដឹកកម្មករនិយោជិត គួរអនុវត្តតាម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវប្រាក់ចំណូល លើកកម្ពស់ សុខុមាលភាព សុវត្ថិភាពការងារ និងសុវត្ថិភាពការធ្វើដំណើររបស់ខ្លួន ក៏ដូចជាបងប្អូនកម្មករនិយោជិតផងដែរ។
    ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានបន្ថែមថា បើទោះបីជាក្នុងខេត្តនេះ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្ដដឹកកម្មករនិយោជិតពុំសូវកើតមានក៏ពិតមែន ប៉ុន្ដែការចុះអប់រំផ្សព្វផ្សាយនៅតែជាយន្ដការអនុវត្តជាប្រចាំ របស់ក្រុមការងារ ស.ផ.ក ដើម្បីរួមចំណែកក្នុងការបញ្រ្ជាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមទាំងទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់នៅលើដងផ្លូវ។
    មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមគ្រប់រូបភាព ហើយជាពិសេសម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់ ក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ត្រូវចូលរួមជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ឱ្យចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.