(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញអម ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមប្រមាណជា ២០រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងផ្ដួចផ្ដើមការងារយុទ្ធសាស្ត្រចំនួនពីរ រួមមាន៖ (១).ការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន ដើម្បីធានានូវនិរន្តរភាព និងការរីកលូតលាស់នៃកញ្ចប់ថវិកាសោធនសម្រាប់បងប្អូនកម្មករនិយោជិត (២).ការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងប្រទេសកម្ពុជា។
តាមរយៈជំនួបពិភាក្សានេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងការស្វែងរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹងមូលនិធិសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ និងមានតម្លាភាព តាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ។
ក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើផែនការយុទ្ធសាស្ត្រទាំងនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង សំដៅលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិទាំងមូល៕
















