Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ជំរុញការរៀបចំបង្កើតក្រុមការងារពិធីការ ប.ស.ស. ឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីលើកកម្ពស់កិត្តិយសស្ថាប័ន

    (ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់មុខមាត់របស់ស្ថាប័នផ្ដល់សេវាសាធារណៈ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិគ្រោះយោបល់ជាមួយមន្ត្រី និងបុគ្គលិក ប.ស.ស. ប្រមាណ ៧០រូប ដើម្បីរៀបចំបង្កើតឱ្យមានក្រុមការងារពិធីការផ្លូវការ ប.ស.ស.។
    នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយកស្តីទី បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានក្រុមការងារពិធីការដែលមកពីបណ្តាអង្គភាពក្រោមឱវាទ ប.ស.ស. គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងន័យដើម្បី៖
    ១. ពង្រឹងរចនាសម្ព័ន្ធដឹកនាំ៖ បង្កើតឱ្យមានយន្តការការងារច្បាស់លាស់ ក្នុងការរៀបចំកម្មវិធីនានាទាំងកម្រិតផ្ទៃក្នុង និងកម្រិតអន្តរជាតិ, ២. ជ្រើសរើសធនធានមានសមត្ថភាព៖ ផ្តោតលើមន្ត្រី និងបុគ្គលិកដែលមានទេពកោសល្យ ភាពរហ័សរហួន រូបសម្បត្តិសមរម្យ និងមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារពិធីការ និង៣. លើកកម្ពស់រូបភាពស្ថាប័ន៖ ធានាឱ្យបាននូវរបៀបរៀបរយ សោភ័ណភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមតួនាទីរបស់ ប.ស.ស. ដែលជាអង្គភាពផ្តល់សេវាសាធារណៈដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសន្តិសុខសង្គមជូនសមាជិក ប.ស.ស.។
    ឯកឧត្តមបណ្ឌិតអគ្គនាយកស្តីទី ក៏បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់បេក្ខភាពមន្ត្រី និងបុគ្គលិកទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីជ្រើសរើស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហាត់ វិន័យ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ការងារពិធីការ មិនមែនត្រឹមតែជាការរៀបចំសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីអត្តសញ្ញាណ និងភាពហ្មត់ចត់នៃស្ថាប័ន ប.ស.ស.ទាំងមូល»។
    សូមបញ្ជាក់ជូនថា ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់យុទ្ធនាការ និងព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខរបស់ស្ថាប័ន ប.ស.ស.៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.