(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានការចូលរួមពីតំណាងមូលដ្ឋានសុខាភិបាល និងដៃគូពាក់ព័ន្ធសរុបប្រមាណ ២០០នាក់។
ក្នុងឱកាសនោះដែរ លោកស្រី ភោគ ចិន្ដា អនុប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល បានធ្វើជាវាគ្មិន ដើម្បីពន្យល់បកស្រាយ និងចែករំលែកចំណេះដឹងអំពីរបបសន្តិសុខសង្គម ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ដូចមានចែងក្នុងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម សំដៅឱ្យអ្នកចូលរួមទាំងអស់បានយល់ដឹងយ៉ាងស៊ីជម្រៅក្នុងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងការពារអត្ថប្រយោជន៍របស់សមាជិក ប.ស.ស. ឱ្យបានពេញលេញ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
តាមរយៈសិក្ខាសាលានេះ ប.ស.ស. និងដៃគូពាក់ព័ន្ធទាំងអស់ បានបង្ហាញពីឆន្ទៈមោះមុតក្នុងការពង្រឹងយន្តការការងារឱ្យកាន់តែមានសង្គតិភាព ដើម្បីធានាថាសមាជិក ប.ស.ស. គ្រប់រូប ទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌ ស្របតាមនិយាមប្រតិបត្តិការងារថ្មី ដែលឆ្លើយតបបានយ៉ាងឆាប់រហ័សទៅនឹងតម្រូវការជាក់ស្ដែង និងកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាលឱ្យមកនៅកម្រិតទាបបំផុត៕

















