(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដំណើរដោយប្រតិភូអ្នកជំនាញនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបន្តសកម្មភាពចុះជួបពិភាក្សាការងារ «ពិពិធកម្មការវិនិយោគ» និងស្ដង់ដាការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) សម្រាប់និរន្តរភាពមូលនិធិសោធន ក្នុងកម្រិតបច្ចេកទេស និងយុទ្ធសាស្ត្រជាមួយស្ថាប័នសំខាន់២ រួមមាន៖ និយ័តករសន្តិសុខសង្គម និងសាជីវកម្មធានាឥណទានកម្ពុជា។
បន្ទាប់ពីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរយៈពេល ៣ថ្ងៃកន្លងមកនេះ នារសៀលថ្ងៃដដែលនេះ ថ្នាក់ដឹកនាំ ប.ស.ស. និងថ្នាក់ដឹកនាំ UNDP បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ដើម្បីវាយតម្លៃ និងប្រមូលធាតុចូល ដើម្បីរៀបចំរបាយការណ៍សរុប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)៕


















