Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំយន្តការជ្រើសរើសមន្ត្រីអធិការសន្តិសុខសង្គម ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត

    (ភ្នំពេញ)៖ ក្នុងស្មារតីពង្រឹងអភិបាលកិច្ច និងយន្តការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំឯកសារបទដ្ឋានគតិយុត្ត សម្រាប់ការជ្រើសរើសមន្ត្រីអធិការសន្តិសុខសង្គម។
    កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។
    របៀបវារៈចម្បងនៃកិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិនិត្យ និងពិភាក្សាយ៉ាងលម្អិតលើការកំណត់លក្ខណៈវិនិច្ឆ័យ៖ ១. ពិគ្រោះលើលក្ខខណ្ឌតម្រូវ និងសមត្ថភាពបច្ចេកទេស ដើម្បីធានាថាការជ្រើសរើសមន្ត្រីអធិការសន្តិសុខសង្គម ធ្វើឡើងប្រកបដោយតម្លាភាព និងស័ក្តិសិទ្ធិភាព, ២.ការរៀបចំបទដ្ឋានគតិយុត្ត៖ រៀបចំឯកសារគតិយុត្តឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានគ្រឹះផ្លូវច្បាប់ក្នុងការបំពេញការងារអធិការកិច្ចសន្តិសុខសង្គមនាពេលខាងមុខ និង៣.ការឆ្លើយតបនឹងតម្រូវការជាក់ស្តែង៖ ពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យ ដើម្បីធានាថាគ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ អនុវត្តកាតព្វកិច្ចស្របតាមច្បាប់ជាធរមាន។
    នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយក ប.ស.ស. ស្តីទី បានផ្តល់នូវធាតុចូលយ៉ាងសំខាន់ៗ សំដៅធ្វើឱ្យដំណើរការជ្រើសរើសមន្ត្រីអធិការកិច្ចសន្តិសុខសង្គមនេះ ក្លាយជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែមានភាពសុក្រឹត។
    ការរៀបចំឱ្យមានមន្ត្រីអធិការសន្តិសុខសង្គមដែលមានវិជ្ជាជីវៈខ្ពស់ គឺជាជំហានយុទ្ធសាស្ត្រមួយរបស់ ប.ស.ស. ក្នុងនាមជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ក៏ដូចជាធានានូវនិរន្តរភាពនៃប្រព័ន្ធសន្តិសុខសង្គមទាំងមូល៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.