(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃ ប.ស.ស. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីពិនិត្យ និងឆ្លងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី សំដៅឆ្លើយតបទៅនឹងការវិវត្តនៃស្ថានភាពសង្គម បច្ចេកវិទ្យា និងពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃ គ.ស.ច.គ. ព្រមទាំងសមាជិក សមាជិកា របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) សរុបប្រមាណជា ១០០នាក់៕















