(ភ្នំពេញ)៖ ឆ្លើយតបតាមការស្នើសុំរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ប្រមាណជា ៥០នាក់ ដែលបានរៀបចំឡើងដោយផ្ទាល់នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយខាងលើ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ការយល់ដឹងច្បាស់អំពីច្បាប់ និងគោលការណ៍នានារបស់ ប.ស.ស. គឺជាគន្លឹះដ៏សំខាន់ដែលនាំទៅរកការអនុវត្តបានត្រឹមត្រូវតាមបទប្បញ្ញត្តិ និងកាតព្វកិច្ចដែលកំណត់ដោយច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេសធ្វើឱ្យបុគ្គលិកមានភាពកក់ក្ដៅក្នុងការបំពេញការងារ និងលែងមានការព្រួយបារម្ភចំពោះហានិភ័យផ្សេងៗ ព្រោះមាន ប.ស.ស. ជាបង្អែកដ៏រឹងមាំក្នុងការជួយសម្រាលបន្ទុក និងគាំពារពួកគេគ្រប់ពេលវេលា។
ឯកឧត្តមអគ្គនាយករង បានបន្តថា បច្ចុប្បន្ន ប.ស.ស. បានធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ម្ចាស់ អ្នកតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងការចុះឈ្មោះប្រើប្រាស់កម្មវិធីទូរសព្ទដៃ “NSSF Enterprise App” ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ ប.ស.ស. ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីសមាជិក ការប្រកាសភាគទានប្រចាំខែ និងការទូទាត់អត្ថប្រយោជន៍ផ្សេងៗតាមរយៈធនាគារដៃគូបានយ៉ាងរហ័ស និងមានតម្លាភាព៕















