(ខេត្តក្រចេះ)៖ មន្រ្តីរាជការជាង ១ម៉ឺននាក់ ក្នុងរដ្ឋបាលខេត្តក្រចេះ បាននឹងកំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងនោះក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ដែលជាស្រ្ដី មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការគាំពារខាងលើនេះទេ រាជរដ្ឋាភិបាលក៏បានផ្ដល់ជូនបន្ថែមនូវប្រាក់ឧបត្ថម្ភពេលមានផ្ទៃពោះ និងក្រោយសម្រាល ក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់ស្ត្រីជាសមាជិក ប.ស.ស. និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល ប.ស.ស. ជាសេនាធិការ បើកផ្ដល់ជូន។
នេះជាប្រសាសន៍ថ្លែងឡើងនាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. អញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម ហេង សុថា អភិបាលរង តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តក្រចេះ សរុបប្រមាណជា ១៧៥នាក់។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់ស្ត្រីជាសមាជិក ប.ស.ស. និងកុមារអាយុក្រោម ២ឆ្នាំ ដែលធានាបានថាសមាជិក ប.ស.ស. ទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយនេះ ប្រកបដោយតម្លាភាព ឆាប់រហ័ស និងទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត បានបន្ដថា គោលនយោបាយផ្ដល់ប្រាក់ឧបត្ថម្ភនេះ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងអភិវឌ្ឍមូលធនមនុស្សដោយផ្ដើមចេញពីការគិតគូរលើអាហារូបត្ថម្ភសម្រាប់ស្រ្ដីមានផ្ទៃពោះ និងកុមារ ដែលចែកជា ៣ដំណាក់កាលរួមមាន៖ មុនពេលសម្រាល ពេលសម្រាលកូន ក្រោយសម្រាលកូនពេលមកទទួលសេវាពិនិត្យសុខភាព និងពេលយកកូនទៅទទួលថ្នាំបង្ការសុខភាពរហូតដល់អាយុ ២ឆ្នាំ។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ហេង សុថា អភិបាលរង តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានស្នើឱ្យមន្ត្រីរាជការទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មានដ៏មានសារៈសំខាន់នេះបន្តទៅកាន់សមាជិកគ្រួសារ និងមូលដ្ឋាន ដើម្បីធានាថាគ្រប់គ្នាទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវនាំអ្នកក្នុងបន្ទុក (ប្តី ប្រពន្ធ ឬកូន) អាចយកពួកគាត់មកចុះបញ្ជីដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យដៃគូ ប.ស.ស.៕
















