ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅសាលប្រជុំ ខ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាតិ-អន្តរជាតិប្រមាណជា ៥០នាក់។
កិច្ចប្រជុំខាងលើ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានសម្រេចកន្លងមក និងបង្កើនប្រសិទ្ធភាពមាត្រដ្ឋាននៃសន្ទុះឆ្ពោះទៅរកការសម្រេចបាននូវការប្ដេជ្ញាចិត្តក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីកសាងកម្ពុជាមួយគ្មានអេដស៍។
ស្របតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងកំណត់គោលដៅយ៉ាងច្បាស់លាស់ ដូចតទៅ៖
១. ការដឹកនាំ និងរៀបចំយុទ្ធសាស្ត្រ៖ រៀបចំរចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីឈានទៅបញ្ឈប់ការឆ្លងមេរោគអេដស៍ថ្មីឱ្យមកនៅត្រឹមក្រោម ២០០ករណីក្នុងមួយឆ្នាំ។
ការធានាហិរញ្ញប្បទាន៖ ជំរុញឱ្យរដ្ឋាភិបាលបង្កើនការបែងចែកថវិកាជាតិឱ្យបានរហូតដល់ ៥០% នៃការចំណាយសរុបលើការឆ្លើយតបនឹងអេដស៍ ដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស។
២. ការសម្របសម្រួលពហុវិស័យ៖ ធ្វើការជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចូលកម្មវិធីអេដស៍ទៅក្នុងផែនការសកម្មភាពអាទិភាពនៅគ្រប់វិស័យ។
៣. កិច្ចគាំពារសង្គម៖ ជំរុញការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល (បណ្ណក្រីក្រ) ដល់ក្រុមប្រជាជនគន្លឹះ ដើម្បីធានាថាពួកគេទទួលបានសេវាព្យាបាល និងថែទាំដោយឥតគិតថ្លៃ។
៤. ការតាមដាន និងវាយតម្លៃ៖ ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងដំណើរការឆ្លើយតប។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ ប.ស.ស. ក្នុងការចូលរួមយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសង្គមមួយដែលប្រកបដោយសុខភាពល្អ និងចីរភាព៕














