ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំពិភាក្សាខាងលើនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិគ្រោះយោបល់ និងរៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានាឱ្យការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយអត្ថន័យជ្រាលជ្រៅ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនោះដែរ ប.ស.ស. ក្នុងនាមជាស្ថាប័នប្រតិបត្តិដែលផ្តល់ការគាំពារដល់បងប្អូនកម្មករនិយោជិត ក៏បានត្រៀមលក្ខណៈជាស្រេចលើការងារបច្ចេកទេស និងកិច្ចសហការនានា ដើម្បីចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យខ្ពស់តាមការរំពឹងទុក។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សានេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពពាក់ព័ន្ធប្រមាណជា៥០រូប៕















