(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម» គឺជាកិច្ចការអាទិភាពមួយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ធានានូវតម្លាភាព សមធម៌ និងគណនេយ្យភាព ក្នុងការវាយតម្លៃការងាររបស់មន្ត្រី និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មពិតប្រាកដ។
អង្គប្រជុំបានពិភាក្សាលម្អិត លើប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដើម្បីធានាថាការផ្តល់ប្រាក់លើកទឹកចិត្ត ត្រូវបានអនុវត្តប្រកបដោយតម្លាភាព សមធម៌ និងស្របតាមទិសដៅផ្តល់សេវាសាធារណៈក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕













