(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃ ប.ស.ស. ដឹកនាំដោយ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តកិច្ចប្រជុំពិភាក្សាស៊ីជម្រៅជាមួយតំណាងនិយ័តករសន្តិសុខសង្គម (ន.ស.ស.) ដើម្បីពង្រឹងយុទ្ធសាស្ត្រវិនិយោគ និងធានានិរន្តរភាពមូលនិធិសន្តិសុខសង្គម ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងកិច្ចពិភាក្សានេះ អង្គភាពទាំងពីរបានផ្ដោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ការពិនិត្យកំណត់ឆ្នាំគោល និងសុពលភាពទិន្នន័យនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកិច្ចសហការប្រើប្រាស់ទិន្នន័យផ្ទៃក្នុងសម្រាប់ធ្វើការផ្ទៀងផ្ទាត់ ដែលយន្តការនេះធ្វើឡើងក្នុងគោលបំណងបញ្ជាក់ពីសុក្រឹតភាពនៃរូបមន្ត និងវិធីសាស្ត្រគណនាឱ្យមានភាពស៊ីសង្វាក់គ្នា ដើម្បីធានាថាការវិនិយោគមូលនិធិសន្តិសុខសង្គម នឹងត្រូវអនុវត្តយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
កិច្ចសហការបច្ចេកទេសរវាង ប.ស.ស. និង ន.ស.ស. លើការវិនិយោគមូលនិធិសន្តិសុខសង្គម គឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់រវាងប្រតិបត្តិករ និងនិយ័តករសន្តិសុខសង្គម ក្នុងការយកចិត្តទុកដាក់ការពារ និងគ្រប់គ្រងការវិនិយោគឱ្យមានប្រសិទ្ធភាពបំផុត សំដៅធានាឱ្យបាននូវនិរន្តរភាពនៃមូលនិធិសន្តិសុខសង្គម សម្រាប់បម្រើឧត្តមប្រយោជន៍ និងផ្ដល់សេចក្តីទុកចិត្តជូនបងប្អូនសមាជិក ប.ស.ស. ទាំងអស់ប្រកបដោយចីរភាព៕















