(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដើម្បីចូលរួមឈ្វេងយល់ពីស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហាប្រឈម របស់មន្ទីរពេទ្យកុមារជាតិ ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
ការអញ្ជើញចូលរួមរបស់ ឯកឧត្តមអគ្គនាយករង ក្នុងទស្សនកិច្ចនាឱកាសនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពនៃការផ្ដល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស. ទាំងស្រ្ដីសម្រាលមាតុភាព និងការព្យាបាលកុមារ ក៏ដូចជាការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានា របស់មន្ទីរពេទ្យ ដើម្បីបន្តពង្រឹងកិច្ចសហការ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យកាន់តែប្រសើរឡើង។
តាមរយៈប្រសាសន៍របស់ លោកជំទាវប្រធានគណៈកម្មការ បានបញ្ជាក់ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្មនូវគោលនយោបាយអាទិភាព ដើម្បីឈានទៅរក “ការគ្របដណ្ដប់សុខភាពជាសកល (UHC)”។ ក្នុងន័យនេះ គណៈកម្មការទី៨ នៃរដ្ឋសភា នឹងនាំយកនូវរាល់សំណូមពរ និងបញ្ហាប្រឈមរបស់មន្ទីរពេទ្យកុមារជាតិ ទៅធ្វើការពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីធានាថាប្រជាពលរដ្ឋ ជាពិសេសមាតា និងកុមារ ទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់បំផុត៕

















