(ភ្នំពេញ)៖ ក្នុងនាមជាស្ថាប័នគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ដើម្បីធានានូវនិរន្តរភាពនៃមូលនិធិនេះ ការទទួលបានទិន្នន័យដែលមានតម្លាភាព និងភាពត្រឹមត្រូវពីភាគីពាក់ព័ន្ធ និងព័ត៌មានស៊ីជម្រៅពីវិស័យហិរញ្ញវត្ថុ គឺជារឿងចាំបាច់បំផុត។
នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុនក្រេឌីត ប្បួរ៉ូ ខេមបូឌា (CBC) ដឹកនាំដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC នៅអគារជីអាយអេ (GIA TOWER)។
សម្រាប់កិច្ចពិភាក្សានារសៀលនេះ គឺជាជំហានដ៏សំខាន់ របស់ ប.ស.ស. ដែលអាចជួយឱ្យ ប.ស.ស. សម្រាប់យកមកសិក្សា ប្រមូលធាតុចូល គ្រប់គ្រងហានិភ័យ និងវិភាគលើឱកាសវិនិយោគផ្សេងៗ របស់ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ សំដៅធានានូវនិរន្តរភាពនៃមូលនិធិសន្តិសុខសង្គម ស្របតាមគោលការណ៍វិនិយោគរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនក្រេឌីត ប្បួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) ជាក្រុមហ៊ុនឈានមុខ ក្នុងការផ្តល់នូវទិន្នន័យហិរញ្ញវត្ថុ ដំណោះស្រាយវិភាគទិន្នន័យ និងសេវាកម្មប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជននៅកម្ពុជា៕













