(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រាប់ការចុះបញ្ជីមន្ត្រីសាធារណៈមកក្នុង ប.ស.ស. បានដឹកនាំកិច្ចប្រជុំក្រុមការងារដើម្បី ពិនិត្យលើវឌ្ឍនភាពលើការបច្ចុប្បន្នភាពទិន្នន័យមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងនីតិវិធីនៃការធ្វើសន្ធានកម្មទិន្នន័យ (API) ជីវមាត្រមន្ត្រី ដែលទទួលបានពីការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន មក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានស្នើដល់ភាគីពាក់ព័ន្ធបន្ដចូលរួមសហការផ្ដល់ទិន្នន័យ ដើម្បីងាយស្រួលធ្វើបច្ចុប្បន្នភាពទាន់ពេលវេលា ពិសេសជួយជំរុញដល់មន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិទាំងអស់ ត្រូវរួសរាន់មកធ្វើបច្ចុប្បន្នភាព បញ្ចូលរូបថត និងស្កេនខ្ចៅដៃ ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងងាយស្រួលក្នុងការទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានជំរុញឱ្យក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រាប់ការចុះបញ្ជីមន្ត្រីសាធារណៈមកក្នុង ប.ស.ស. ចូលរួមបន្ដផ្សព្វផ្សាយដល់ក្រុមគោលដៅតាមបណ្ដាក្រសួង-ស្ថាប័ន ឱ្យទទួលបានព័ត៌មានកាន់តែច្បាស់ ដែលអាចជួយសម្រួលដល់ការអនុវត្តការងារបច្ចុប្បន្នរបស់ ប.ស.ស. កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស និងអាចធានាបានដល់ការអនុវត្តរបបសន្ដិសុខសង្គម ព្រមទាំងការផ្ដល់អត្ថប្រយោជន៍នានាជូនដល់ក្រុមគោលដៅ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ មានការអញ្ជើញពីក្រុមការងារបច្ចេកទេសអន្តរក្រសួង ដែលមានសមាសភាពមកពីតំណាងក្រសួងមុខងារសាធារណៈ, ក្រសួងមហាផ្ទៃ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្ដីជំនាញ ប.ស.ស. សរុបប្រមាណជា ២០នាក់ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ៕
















