Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងាររៀបចំរំហូរការងារឌីជីថល សម្រាប់ប្រតិបត្តិការរបបសន្ដិសុខសង្គម ប្រជុំពិភាក្សាជាមួយតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកិច្ចសហការផ្លាស់ប្តូរទិន្នន័យអន្ដរស្ថាប័ន

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម (រ.ឌ.ស.) បានដឹកនាំក្រុមការងារ រ.ឌ.ស. ចូលរួមប្រជុំពិភាក្សាការងារក្នុងក្របខណ្ឌបច្ចេកទេស ជាមួយតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសិក្សានីតិវិធីក្នុងការធ្វើសន្ធានកម្មកម្មវិធីកុំព្យូទ័រ សំដៅផ្ទៀងផ្ទាត់ទិន្នន័យចុះបញ្ជីសហគ្រាស គ្រឹះស្ថានស្ថិតក្រោមសមត្ថកិច្ចរបស់ស្ថាប័នទាំងពីរ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
    កិច្ចសហការផ្ទៀងផ្ទាត់ទិន្នន័យនេះ ជាផ្លែផ្កាដែលកើតចេញពីយន្តការអន្ដរក្រសួងស្ថាប័នក្នុងការគាំទ្រចក្ខុវិស័យឌីជីថលពេញលេញនិងគ្រប់ជ្រុងជ្រោយរបស់ ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនឹងអាចចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ក្នុងកម្រិតបច្ចេកទេសមួយដែលប្រកបដោយសុវត្ថិភាពខ្ពស់ និងសុក្រឹត្យភាព ដើម្បីផ្សព្វផ្សាយអប់រំ និងផ្តល់សេវាសាធារណៈ ដែលអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការគាំទ្រពីសហគ្រាស គ្រឹះស្ថាន និយោជក និងកម្មករនិយោជិត។
    ជាលទ្ធផលនៃកិច្ចពិភាក្សា ក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរ បានឯកភាពគ្នាក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង ដើម្បីឈានទៅសម្រេចឱ្យបាននូវការតភ្ជាប់ប្រព័ន្ធតាមរយៈការធ្វើសន្ធានកម្មកម្មវិធីកុំព្យូទ័រនេះ។
    កន្លងមក ក្រុមការងាររៀបចំរំហូរការងារឌីជីថល សម្រាប់ប្រតិបត្តិការរបបសន្ដិសុខសង្គម បាននិងបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងជិតស្និទ្ធក្នុងការផ្ទៀងផ្ទាត់ទិន្នន័យ តាមរយៈការធ្វើសន្ធានកម្មកម្មវិធីកុំព្យូទ័រនេះ ក្នុងគោលដៅបម្រើសេវាជូនសាធារណជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងបរិបទនៃសេដ្ឋកិច្ច និងសង្គមឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០២១-២០៣៥ ផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.