(ភ្នំពេញ)៖ នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស. ដឹកនាំដោយឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅស្ថាប័នចំនួនពីរ គឺធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដើម្បីស្វែងយល់រចនាសម្ព័ន្ធវិនិយោគ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងមូលនិធិ និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការវិនិយោគមូលនិធិសន្តិសុខសង្គម។
ក្នុងដំណើរទស្សនកិច្ចសិក្សានៅធនាគារជាតិនៃកម្ពុជា គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃ ប.ស.ស. បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គឹមទី កោមលី អគ្គនាយកប្រតិបត្តិការ និងបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីយន្តការនៃការគ្រប់គ្រងទុនបម្រុងវិនិយោគ និងការបែងចែកទ្រព្យសកម្មជាយុទ្ធសាស្ត្រ ។ ក្នុងនោះ អ្នកជំនាញនៃធនាគារជាតិក៏បានចែករំលែកបទពិសោធលើការគ្រប់គ្រងសំពៀតវិនិយោគផ្ទៃក្នុង និងការវាយតម្លៃលើទ្រព្យសកម្មវិនិយោគសកល ដែលជាកត្តាចាំបាច់ក្នុងការវិភាគចំណូល និងការគ្រប់គ្រងហានិភ័យឱ្យបានច្បាស់លាស់។
ដោយឡែក នាសៀលថ្ងៃដដែល គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃ ប.ស.ស. ក៏បានបន្តដំណើរទស្សនកិច្ចសិក្សានៅទីស្តីការនិយ័តករមូលបត្រកម្ពុជា ដោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា។ ក្នុងជំនួបនោះ អ្នកជំនាញក្នុងវិស័យមូលបត្រក៏បានបង្ហាញអំពី “វឌ្ឍនភាពនៃទីផ្សារមូលបត្រនៅកម្ពុជា កាលានុវត្តភាពនៃការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ការបោះផ្សាយសញ្ញាបណ្ណ និងឱកាសវិនិយោគសម្រាប់មូលនិធិសន្តិសុខសង្គម” ផងដែរ។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពេញមួយថ្ងៃនេះ ទទួលបាននូវបទពិសោធ និងបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុពីស្ថាប័នកំពូលៗទាំងពីរ ហើយនឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស. ក្នុងរៀបចំគោលការណ៍នៃការគ្រប់គ្រងមូលនិធិសម្រាប់ការវិនិយោគ និងការសម្រេចចិត្តលើផែនការវិនិយោគមូលនិធិសន្ដិសុខសង្គមឱ្យកាន់តែមានសុវត្ថិភាព តម្លាភាព និងទទួលបានផលចំណេញខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ដល់បងប្អូនកម្មករ និយោជិត និងមន្ត្រីសាធារណៈដែលជាសមាជិក ប.ស.ស. ទាំងអស់៕












