(ភ្នំពេញ)៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃប.ស.ស. បានអញ្ជើញជាគណៈអធិបតី និងចូលរួមជាវាគ្មិន ក្នុងវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គម ក្រោមប្រធានបទ «គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល» ដើម្បីអបអរសាទរ ទិវាពលកម្មអន្តរជាតិ លើកទី១៤០ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមសរុបប្រមាណជា ១២០០នាក់។
នៅក្នុងកិច្ចពិភាក្សាវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមដ៏មានសារៈសំខាន់នេះ លោក សុក បូរ៉ា បានបកស្រាយពីយុទ្ធសាស្ត្រពង្រឹងនិរន្តរភាព ប.ស.ស. ដោយបានអំពាវនាវដល់បុគ្គលស្វ័យនិយោជន៍ ព្រមទាំងអ្នកក្នុងបន្ទុករបស់ពួកគេ ឱ្យមកចូលរួមក្នុងរបបសន្ដិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត និងបង់ភាគទានឱ្យបានទៀងទាត់គ្រប់ៗគ្នា ដើម្បីទទួលបានការការពារហានិភ័យសុខភាព។ ហើយនេះ ជាយុទ្ធសាស្ត្រគន្លឹះ ក្នុងការបង្កើនចំនួនសមាជិកឱ្យបានច្រើន ស្របតាមគោលការណ៍សមភាព និងសមធម៌ក្នុងប្រព័ន្ធសន្តិសុខសង្គម «អ្នកជាជួយអ្នកឈឺ» និង «អ្នកចំណូលខ្ពស់ជួយអ្នកចំណូលទាប» ផងដែរ។
ជាមួយគ្នានេះ លោកបានបន្ថែមថា ដើម្បីឆ្លើយតបនៃការពង្រឹងគុណភាពសេវា និងការធ្វើទំនើបកម្មតាមរយៈបច្ចេកវិទ្យា ប.ស.ស. បានដាក់ឱ្យប្រើប្រាស់ «ម៉ាស៊ីនស្វ័យសេវា» ដែលអនុញ្ញាតឱ្យសមាជិក ប.ស.ស. អាចឆែកសុពលភាពកាត និងអាចជ្រើសរើសផ្នែកពិនិត្យជំងឺបានភ្លាមៗ ដែលជួយកាត់បន្ថយពេលវេលារង់ចាំ និងបង្កើនប្រសិទ្ធភាពនៃការទទួលសេវា បន្ថែមពីនេះទៅទៀតក៏មានការផ្តល់សេវាគាំទ្រ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ប.ស.ស. ២៤ ម៉ោង លើ ២៤ ម៉ោង តាមរយៈលេខទូរស័ព្ទ ១២៨៦ ផងដែរ។
ពិធីប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី១៤០ នេះ រៀបចំឡើងដោយសហភាពការងារកម្ពុជា និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសមកពីបណ្តាស្ថាប័នរដ្ឋ សហជីព និងអង្គការវិជ្ជាជីវៈ ដោយពិភាក្សាលើប្រធានបទ និងបានលើកឡើងនូវចំណុចគន្លឹះៗដែលជាកង្វល់ ដំណោះស្រាយ និងជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន៕














