(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក គាត ពុធណារិទ្ធ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្ដិសុខសង្គម បានដឹកនាំមន្រ្ដីជំនាញ ជួបពិភាក្សាការងារជាមួយ លោក រស់ ខេមរា អគ្គលេខាធិការសមាគមធនាគារនៅកម្ពុជា (ABC) នៅអគារវឌ្ឍនៈកាពីតាល់ រាជធានីភ្នំពេញ។
កិច្ចពិភាក្សានេះ ជាជំនួបដ៏មានសារៈសំខាន់ ដើម្បីបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគី ឈានដល់ការបើកច្រកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាង ប.ស.ស. និងសមាគមធនាគារនៅកម្ពុជា (ABC) ដែលអាចអនុញ្ញាតឱ្យ ប.ស.ស. ទទួលទិន្នន័យ ព័ត៌មានសេដ្ឋកិច្ច គោលនយោបាយ និងរបាយការណ៍វិភាគផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យធនាគារបានច្បាស់លាស់ និងអាចប្រែក្លាយជាប្រយោជន៍សម្រាប់វិស័យធនាគារក្នុងការទទួលបានឱកាសវិនិយោគពីមូលនិធិសន្ដិសុខសង្គមផងដែរ។
ការទទួលបានទិន្នន័យទាំងនេះ នឹងក្លាយជាធាតុចូលដល់ ប.ស.ស. សម្រាប់យកទៅប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងវិភាគលើឱកាសវិនិយោគផ្សេងៗ ព្រមទាំងការរៀបចំយុទ្ធសាស្ត្រវិនិយោគដែលផ្អែកលើមូលដ្ឋានទិន្នន័យច្បាស់លាស់នេះ គោលបំណងធំគឺដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាព នៃកញ្ចប់ថវិកាសន្តិសុខសង្គម ស្របតាមទិសដៅ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា (ABC) គឺជាស្ថាប័នតំណាងឱ្យវិស័យធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីជួយសម្របសម្រួល ការពារផលប្រយោជន៍ និងលើកកម្ពស់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា៕














