(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយដៃគូសម្រាប់ការអនុវត្តគម្រោងសុវឌ្ឍិកម្ម (ការធ្វើឱ្យប្រសើរឡើង) នៃប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ដំណាក់កាលទី២ (ISPH II) ដែលរៀបចំដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ក្នុងការចែករំលែកនូវវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងការតម្រង់ទិសផែនការការងារបន្ត ឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ក៏ដូចជាអាទិភាពរបស់ក្រសួងស្ថាប័ន ព្រមទាំងផ្ដោតលើការបង្កើនកិច្ចសហការរវាងក្រសួង ស្ថាប័នអនុវត្តផ្ទាល់ និងដៃគូសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃវិស័យគាំពារសង្គមនៅកម្ពុជា ឱ្យកាន់តែមានសង្គតិភាព និងភាពស៊ីសង្វាក់គ្នាផងដែរ។
ក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី និងភារកិច្ចស្នូលរបស់ ប.ស.ស. ក្នុងប្រតិបត្តិការការងារ ដើម្បីចៀសវាងការភ័ន្តច្រឡំ និងធានាថាការអនុវត្តគម្រោងសុវឌ្ឍិកម្មនេះនឹងប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការផ្តល់សេវាជូនគ្រប់សមាជិក ប.ស.ស.។
សូមបញ្ជាក់ថា កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងវិស័យគាំពារសង្គម សរុបប្រមាណ ១០០នាក់ ក្រោមវត្តមានដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម៕

















