Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ ប.ស.ស. នៃ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរូមកិច្ចប្រជុំជាមួយធនាគារ ARDB ដើម្បីពិភាក្សាពង្រីកសហប្រតិបត្តិការ និងសិក្សាឱកាសវិនិយោគមូលនិធិសន្ដិសុខសង្គម

    ​(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងមន្ត្រីជំនាញ ប.ស.ស. ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម បាន លឹម អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីពិនិត្យលើឱកាសនៃការវិនិយោគរបស់មូលនិធិសន្ដិសុខសង្គម ក្នុងក្របខណ្ឌរបស់រាជរដ្ឋាភិបាល។
    កិច្ចពិភាក្សានេះ មានគោលបំណងសំខាន់ដើម្បីសិក្សាអំពីលទ្ធភាព និងលក្ខខណ្ឌរបស់ធនាគារ ARDB ក្នុងការរៀបចំឥណទានដែលមានអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌបត់បែនខ្ពស់ ក្នុងការចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ តាមរយៈលទ្ធភាពផ្តល់ឥណទានដល់ក្រុមគោលដៅដែលជះឥទ្ធិពលវិជ្ជមានទៅដល់សមាជិក ប.ស.ស.។
    ​ក្នុងឱកាសនោះ ថ្នាក់ដឹកនាំធនាគារ ARDB បានសម្តែងនូវការអរគុណចំពោះការជឿទុកចិត្ត របស់ ប.ស.ស. មកកាន់ធនាគារក្នុងការចូលរួមវិនិយោគមូលនិធិសន្តិសុខសង្គម ដោយបានគូសបញ្ជាក់ថា ទុនវិនិយោគទាំងនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងដល់វិស័យកសិកម្ម ដូចជា ការដាំដុះ បន្លែ ផ្លែឈើ វារីវប្បកម្ម និងផ្សេងៗទៀត ដែលបានជួយលើកកម្ពស់ជីវភាពប្រជាកសិករយ៉ាងច្រើន។ ក្នុងនាមជាធនាគាររដ្ឋ ARDB តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលដៅធំគឺបង្កើនឱកាសការងារក្នុងសង្គម។
    ​តាមរយៈជំនួបនេះ គឺជាជំហានដ៏ល្អមួយនៃកិច្ចសហការរវាងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់រដ្ឋ ក្នុងការចាប់ដៃគ្នាអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ តាមរយៈការជួយជ្រោមជ្រែងដល់បណ្តាអាជីវកម្ម និងសហគ្រាសទាំងឡាយណាដែលជាដៃគូផ្តល់ផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.