ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញទៅបំពេញទស្សនកិច្ចសិក្សានៅក្រសួងទេសចរណ៍ និងជួបពិភាក្សាការងារជាមួយ លោក គុណ គឹមជួរ អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍។ ដំណើរទស្សនកិច្ចសិក្សាខាងលើ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១). សិក្សាអំពីការកំណត់អត្តសញ្ញាណ ផ្ទៀងផ្ទាត់ និងថ្ពក់ទិន្នន័យរវាង ប.ស.ស. ជាមួយក្រសួងទេសចរណ៍លើយន្តការចុះបញ្ជីអាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មផ្សេងៗដែលបម្រើឱ្យវិស័យទេសចរណ៍ ព្រមទាំងយន្តការចុះបញ្ជីតាមប្រព័ន្ធ CamDX ប្រព័ន្ធ CamDigiKey (២). យល់ដឹងអំពីយន្តការត្រួតពិនិត្យ ការតាមដាន និងវិធានការបិទ ឬព្យួរអាជីវកម្ម ។
តាមរយៈដំណើរទស្សនកិច្ចនេះ ស្ថាប័នទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ជាពិសេសលើការផ្លាស់ប្តូរទិន្នន័យចុះបញ្ជីសហគ្រាសឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព តាមលទ្ធភាពដែលអាចអនុវត្តបាន៕













