(ស្វាយរៀង)៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបន្ដបេសកកម្មអញ្ជើញអមដំណើរគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា និងក្រុមសមាជិកាសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នៅភូមិសាស្ត្រខេត្តស្វាយរៀង។
ក្នុងដំណើរបេសកកម្មនាព្រឹកមិញនេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានរួមដំណើរជាមួយគណៈប្រតិភូចុះជួបសំណេះសំណាលពិនិត្យស្ថានភាពជាក់ស្តែង និងសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ ពិនិត្យទីតាំងមជ្ឈមណ្ឌលការងារខេត្ត ពិនិត្យការបណ្តុះបណ្តាលបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដែលវិស័យសុខាភិបាលនេះ ជាការងារពាក់ព័ន្ធទៅនឹងការផ្ដល់សេវាជូនដល់សមាជិក ប.ស.ស. គ្រប់ៗរូប។
បន្ទាប់ពីដំណើរទស្សនកិច្ចជាមួយគណៈប្រតិភូ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានចូលរួមប្រជុំពិភាក្សាជាមួយ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធទាំងបួន (មន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច មន្ទីរការងារ និងមន្ទីរកិច្ចការនារី) ដើម្បីឆ្លើយបំភ្លឺ ពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ជុំវិញវឌ្ឍនភាពនៃការអនុវត្តរបបសន្ដិសុខសង្គម ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពសេវាជូនសមាជិក ប.ស.ស. ឱ្យកាន់តែល្អប្រសើរផងដែរ៕

















