ព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងគណៈប្រតិភូក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ទៅទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
ការអញ្ជើញចូលរួមរបស់ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក្នុងឱកាសទស្សនកិច្ចនោះ គឺដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពនៃការផ្ដល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស. ក៏ដូចជាការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានា របស់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដើម្បីបន្តពង្រឹងកិច្ចសហការ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលយ៉ាងល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក៕

















