ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ” នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានការចូលរួមពីប្រតិភូបុគ្គលិក រដ្ឋបាល និងតំណាងកម្មករនិយោជិតប្រមាណជាង ២០០នាក់។
នៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានលើកឡើងថា គ្រប់សហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីមកក្នុង ប.ស.ស. ដើម្បីធានាគ្រប់បុគ្គលិករបស់ខ្លួន ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមពេញលេញពី ប.ស.ស. ដែលរួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។
ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបន្តថា ការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមគោលការណ៍បទប្បញ្ញត្តិនៃច្បាប់ មិនត្រឹមតែជាកាតព្វកិច្ចទំនួលខុសត្រូវរបស់និយោជក ប៉ុន្ដែក៏ជាការជួយជំរុញសង្វាក់ផលិតកម្មឱ្យកាន់តែប្រសើរឡើង តាមរយៈទំនុកចិត្តរបស់កម្មករនិយោជិត និងការធានានូវសុខុមាលភាពរបស់ពួកគាត់នៅពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ អាចព្យាបាលទាន់ពេលវេលា តាមរយៈការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស.។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានបញ្ជាក់បន្ថែមផងដែរថា កន្លងមកមានសហគ្រាស គ្រឹះស្ថានមួយចំនួនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ ប៉ុន្ដែកម្មករនិយោជិតខ្លួនមិនព្រមមកធ្វើប័ណ្ណសមាជិក ប.ស.ស. ឡើយ ដែលប្រការនេះ ទាមទារឱ្យសហគ្រាស គ្រឹះស្ថានជំរុញទៅកាន់សាមីខ្លួនផ្ទាល់ ឱ្យមកធ្វើប័ណ្ណសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ព្រោះនៅពេលដែលនិយោជិតម្នាក់នោះមានបញ្ហាសុខភាព ឬគ្រោះថ្នាក់អ្វីមួយ និងមានបណ្ដឹង មក ប.ស.ស. នោះសហគ្រាស គ្រឹះស្ថានជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមានផងដែរ៕















