(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី គម្រោងការវាយតម្លៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តរបស់ ប.ស.ស. ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃ ប.ស.ស. និងជំនាញការរបស់អង្គការអន្តរជាតិខាងការងារ ILO នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា ៣០នាក់ ។
កិច្ចប្រជុំនេះ មានគោលដៅផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាយ៉ាងស៊ីជម្រៅរវាងក្រុមការងារបច្ចេកទេស ប.ស.ស. និងជំនាញការរបស់អង្គការ ILO លើចំណុចគន្លឹះមួយចំនួនរួមមាន ការពិនិត្យផ្ទៀងផ្ទាត់លើគំរូវាយតម្លៃហានិភ័យហិរញ្ញវត្ថុ ការសន្មតពាក់ព័ន្ធសំខាន់ៗ និងការព្យាករណ៍លើស្ថានភាពបច្ចុប្បន្ន និងនិន្នាការប្រែប្រួលនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនាពេលអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានស្នើសុំឱ្យអង្គការ ILO បន្តផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែមសម្រាប់ ប.ស.ស. លើការវិភាគវាយតម្លៃ និងត្រូវមានការចូលរួមពិភាក្សាបន្ថែមពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និយ័តករសន្តិសុខសង្គម ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ មូលដ្ឋានសុខាភិបាល ព្រមទាំងអង្គភាពពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដើម្បីជួយគាំទ្រដល់ការវិភាគវាយតម្លៃកាន់តែគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើសសេណារីយ៉ូនៃគម្រោងខាងលើនេះ។
តាមរយៈកិច្ចប្រជុំពិភាក្សានាពេលនេះ គឺបានបង្ហាញឱ្យឃើញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងទិសដៅ លើកកម្ពស់សុខុមាលភាពសមាជិក ប.ស.ស. និងប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
















