(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ” នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង ៧០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ ប.ស.ស. ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សឱ្យកាន់តែមានសក្តានុពលខ្ពស់ ស្របពេលដែល ប.ស.ស. កំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា ការស្វែងយល់បានច្បាស់ពីការពេញចិត្ត និងបញ្ហាមិនពេញចិត្តរបស់សមាជិក ប.ស.ស. គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយឱ្យ ប.ស.ស. រៀបចំផែនការកែលម្អគុណភាពសេវា កំណត់អាទិភាពការងារចំគោលដៅ និងអភិវឌ្ឍគោលនយោបាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សមាជិកកាន់តែមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលតែងតែគាំទ្រយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងពង្រឹងស្ថាប័ន ប.ស.ស. ឱ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដល់មតិផ្ដាំផ្ញើដល់សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញរបស់គ្រូឧទ្ទេស និងចូលរួមឱ្យបានសកម្មក្នុងគ្រប់សកម្មភាពពិភាក្សា ផ្លាស់ប្ដូរបទពិសោធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងចំណុចគន្លឹះសំខាន់ៗ យកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងសង្គតភាពខ្ពស់នៅក្នុងអង្គភាពរៀងៗខ្លួន៕

















