ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៥ អាណត្តិទី២ នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ (១). គម្រោងថវិកាប្រចាំឆ្នាំ២០២៧ របស់ ប.ស.ស. (២). ផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៧-២០២៩
(៣). របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ របស់ ប.ស.ស. (៤). របាយការណ៍លទ្ធផលសម្រេចបានប្រចាំត្រីមាសទី១ របស់ ប.ស.ស. និង(៥). ការងារផ្សេងៗ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល បានធ្វើបទបង្ហាញលម្អិតទៅលើរបៀបវារៈទាំង៤ ជូនអង្គប្រជុំទាំងមូល ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ជាយោបល់តម្រង់ទិស។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលជាសមាសភាពតំណាងមកពីភាគីរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក ភាគីតំណាងសមាជិក ប.ស.ស. ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. សរុបចំនួន ០៩នាក់៕

















