(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយនិយ័តករសន្តិសុខសង្គម (ន.ស.ស.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើប្រកាសស្ដីពី «ការកំណត់វិធានប្រុងប្រយ័ត្នលើការបែងចែកកញ្ចប់វិនិយោគនៃមូលនិធិសន្តិសុខសង្គម» និងប្រកាសស្ដីពី «គោលការណ៍នៃការប្រើប្រាស់ផលចំណេញពីការវិនិយោគមូលនិធិសន្តិសុខសង្គម»។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះដែរ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះវត្តមាន លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករង ន.ស.ស. ។
សិក្ខាសាលាផ្សព្វផ្សាយខាងលើរៀបចំឡើងក្នុងគោលបំណង៖ (១).បញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីក្របខណ្ឌគតិយុត្តថ្មីៗ ដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រង និងចាត់ចែងមូលនិធិសន្តិសុខសង្គម (២).ធានានិរន្តរភាពមូលនិធិ លើការវិនិយោគទុនរបស់ ប.ស.ស. ដោយត្រូវអនុវត្តផ្អែកលើវិធានប្រុងប្រយ័ត្នខ្ពស់ សំដៅការពារផលប្រយោជន៍របស់សមាជិក និងនិរន្តរភាពហិរញ្ញវត្ថុយូរអង្វែង (៣). តម្លាភាពក្នុងការប្រើប្រាស់ផលចំណេញ ដោយកំណត់ឱ្យបានច្បាស់លាស់នូវយន្តការ និងគោលការណ៍នៃការបែងចែកផលចំណេញដែលទទួលបានពីការវិនិយោគ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
អង្គសិក្ខាសាលា បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ដើម្បីឱ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន និងមានសង្គតិភាពជាមួយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅមួយថ្ងៃពេញ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃ ប.ស.ស. និងថ្នាក់ដឹកនាំ មន្ត្រី នៃ ន.ស.ស. សរុបប្រមាណជាង១០០នាក់៕

















