ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​គាំពារ​កម្មករ​និយោជិត ហៅកាត់ថា  ស.ផ.ក បានបង្កើត​ឡើង​ក្នុងឆ្នាំ២០១៣ គឺជា​ក្រុម​ការងារ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ក្រសួង​មហា​ផ្ទៃ ក្រសួងសុខា​ភិបាល ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធ សមាគម និងអង្គការវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតគ្រប់វិស័យ ពិសេសវិស័យវាយនភណ្ឌ និងផលិតកាបូបដែលជាក្រុមគោលដៅប្រឈមងាយរងគ្រោះ។ ក្រុមការងារ ស.ផ.ក ត្រូវបានបន្ថែម និងកែសម្រួលសមាសភាពមួយចំនួនដោយ សេចក្តីសម្រេចលេខ ០៨៩/២១ ក.ប/ស.ស.រ.ប.ស.ស. ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីឲ្យសមស្របទៅតាមកំណើនការងារ និងរក្សាអត្រាគ្រោះថ្នាក់ការងារលើកម្មករនិយោជិតស្ថិតក្នុងកម្រិតទាបបំផុត។ ក្រុម​ការងា​រ​នេះ មានតួនាទី​ភារកិច្ចដូចជា៖

  • កសាង​ផែន​ការ​សកម្មភាព​សំដៅ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ ដែល​អាច​កើត​មាន​ក្នុង​ពេលកម្មករ​និយោជិត​ធ្វើ​ដំណើរ
  • សិក្សាស្រាវជ្រាវ ប្រមូល​ទិន្នន័យ វិភាគ​រក​មូល​ហេតុ​ចម្បងៗ ដែល​នាំឲ្យកើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​និយោ​ជិត
  • ស្រង់​ស្ថិតិមធ្យោ​បាយ​ដឹកជញ្ជូន​កម្មករ​និយោ​ជិត និង​អ្នក​បើកបរ ​តាម​រោង​ចក្រ សហ​គ្រាស​ទូទាំង​ប្រទេស
  • រៀប​ចំ​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ ណែ​នាំ​ ស្តី​ពី​ច្បាប់ និងសុវត្ថិភាពចរាចរណ៍​ដល់​អ្នក​បើកបរ និង​ កម្មករ​និយោជិត
  • សហការ​ជាមួយ​អាជ្ញា​ធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ រួម​បញ្ចូល​ទាំង​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវទឹក ក្នុង​ការ​ចុះត្រួត​ពិនិត្យ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​និយោជិត តាមគោ​លដៅ​ដើម​ទីមុន​ពេល​ចេញ​ដំណើរ និង​សម្រប​សម្រួល​ករណី​កម្មករ​និយោជិត​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍
  • អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។​