Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធស្តីពី “លទ្ធភាពក្នុងការផ្ដល់មួកសុវត្ថិភាពដែលមានគុណភាពល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា”

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) នៃ ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធក្នុងសិក្ខាសាលាស្តីពី “លទ្ធភាពក្នុងការផ្ដល់មួកសុវត្ថិភាពដែលមានគុណភាពល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
    ឯកឧត្តមអគ្គនាយករង បានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម បានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ ដោយមើលឃើញពីបញ្ហាគ្រោះថ្នាក់ពេលធ្វើដំណើររបស់កម្មករនិយោជិត នៅក្នុងឆ្នាំ២០១៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតឲ្យមានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម (ស.ផ.ក) តាមសេចក្តីសម្រេចលេខ ០០២/១៣ ក.ប/ស.ស.រ ដែលមានសមាសភាពមកពីអន្តរក្រសួង-ស្ថាប័ន អង្គការ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាព ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង លើបងប្អូនកម្មករនិយោជិត។
    ឯកឧត្តម បានបន្តទៀតថា៖ គិតចាប់ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្នក្រុមការងារ ស.ផ.ក បានប្រជុំអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ សុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនដល់អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតសរុបចំនួន ២ ៦៣២លើក ដែលមានអ្នកចូលរួមសរុប ៣៧៦ ៦០៦នាក់។ ជាមួយគ្នានេះបេឡាជាតិសន្តិសុខសង្គម បានរៀបចំជាកម្មវិធីអប់រំផ្សព្វផ្សាយ និងចែកមួកសុវត្ថិភាពដល់បងប្អូនកម្មករនិយោជិតបានចំនួន ៣លើក លើកទី១ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅខេត្តកំពង់ស្ពឺ លើកទី២ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តព្រៃវែង និងលើកទី៣ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ខេត្តកំពង់ឆ្នាំង។
    ឆ្លៀតក្នុងឱកាសនោះឯកឧត្តម បានស្នើសុំទៅដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលមានលទ្ធភាពក្នុងការចូលរួមជួយលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត តាមមធ្យោយបាយម៉ូតូ ដោយធ្វើកិច្ចសហការតាមរយៈការផ្តល់មួកសុវត្ថិភាព ចែកជូនដល់កម្មករនិយោជិតដើម្បីបង្ការគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬកាត់បន្ថយអត្រាមរណៈភាពរបស់ពួកគាត់។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ីដោយមានវត្តមានចូលរួមឈ្វេងយល់ពីឯកឧត្តម លោកជំទាវតំណាងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.