Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា និងកម្មវិធីសំណួរ ចម្លើយ ក្នុងវេទិកាសមាជិកស្ដីពី “វឌ្ឍនភាពនៃការអនុវត្តរបបសោធនសម្រាប់វិស័យឯកជននៅកម្ពុជា“

    ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម លោក សុក បូរ៉ា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា និងកម្មវិធីសំណួរ ចម្លើយ ក្នុងវេទិកាសមាជិកស្ដីពី “វឌ្ឍនភាពនៃការអនុវត្តរបបសោធនសម្រាប់វិស័យឯកជននៅកម្ពុជា“។
    នៅក្នុងវេទិកានោះ លោក សុក បូរ៉ា បានឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយលោកបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមនេះគឺធានាឲ្យមានសមធម៌និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ រួមទាំងការផ្តល់សេវាជូនសមាជិករបស់ខ្លួនឲ្យទាន់ពេលវេលា។
    យោងតាម ប្រកាសអន្តរក្រសួងរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ១៦៥/២២ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ស្តីពី ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ។ ដោយឡែកការបង់ភាគទាននៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្តនឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ អនុលោម តាមប្រកាសលេខ១៧០/ ២២ ក.ប/ប្រ.ប.ប.ស.ស. ចុះថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២។
    សូមបញ្ជាក់ថា៖ កិច្ចពិភាក្សាខាងលើរៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) សហការជាមួយបេឡាជាតិសន្តិសុខសង្គម ប្រព្រឹត្ត ទៅ នៅណាហ្គាវើលដ៍ I ដោយមានការចូលរួមពីសមាជិក សមាជិកា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា សរុបប្រមាណជាង ៤០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.