Mail |
  • ភាសាខ្មែរ
  • English
  • គម្រោង SPIN នៃ ប.ស.ស. នឹងសម្រេចដាក់ឲ្យដំណើរការសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ

    (ភ្នំពេញ) ៖ គម្រោង SPIN នៃ ប.ស.ស. សម្រាប់អ្នកបម្រើក្នុងផ្ទះ និងអ្នកបើកម៉ូតូរ៉ឺម៉ក នឹងត្រូវអនុវត្តសាកល្បងក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមចំណារឯកភាពពីសំណាក់ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើសំណើសុំសេចក្តីសម្រេចជាគោលការណ៍របស់ ប.ស.ស. ដើម្បីដាក់ឱ្យដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ។
    ពាក់ព័ន្ធទៅនឹងការដាក់ឱ្យដំណើរការសាកល្បងនូវគម្រោងខាងលើ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) នៃ ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បាន ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសគម្រោង SPIN នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យវឌ្ឍនភាពគម្រោង SPIN និងការរៀបចំផែនការឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត មុនពេលសម្រេចដាក់ឲ្យដំណើរការសាកល្បងគម្រោង SPIN ដែលនឹងដំណើរការឆាប់ៗខាងមុខនេះ។
    ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារខាងលើ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានស្នើសុំឱ្យក្រុមការងារបច្ចេកទេសគម្រោង SPIN នៃ ប.ស.ស. ដែលមានវត្តមានក្នុងកិច្ចប្រជុំថ្ងៃនេះ ត្រូវត្រួតពិនិត្យ និងពិភាក្សាឱ្យបានហ្មត់ចត់ ដើម្បីរកចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យវឌ្ឍនភាពនៃគម្រោង SPIN និងការរៀបចំផែនការនៃការអនុវត្តនៃគម្រោងមួយនេះ កាន់តែមានភាពល្អប្រសើរ ប្រកបដោយស័ក្តិសិទ្ធិភាព និងទទួលបានលទ្ធផលខ្ពស់។
    គួររំលឹកឱ្យដឹងផងដែរថា៖ គម្រោង SPIN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភពីអង្គការហ្រ្គត (GRET) ក្នុងន័យរួមចំណែកពង្រីកវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព សម្រាប់ក្រុមជនគោលដៅចំនួនពីរក្រុមគឺ (ទី១) សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង (ទី២) សមាជិកសមាគមអ្នកបម្រើការងារតាមផ្ទះ (ADW) នៅក្នុងរាជធានីភ្នំពេញ ដោយមានកិច្ចសហការចូលរួម ពីសមាគមគាំពារសុខភាពសង្គម (SHPA) និងអង្គការអន្តរជាតិខាងការងារ (ILO) រួមទាំងដៃគូអភិវឌ្ឍន៍នានា ដោយមានការឧបត្ថម្ភគាំទ្រដោយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូលនិធិ Weave Our Future៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.