Mail |
  • ភាសាខ្មែរ
  • English
  • ខេត្តស្វាយរៀង គឺជាខេត្តទី៤ ដែលទទួលបានការផ្សព្វផ្សាយដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន

    (ស្វាយរៀង)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ ពិធីផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន បានមកដល់ទឹកដីខេត្តស្វាយរៀងហើយ បន្ទាប់ពីឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយចំនួន ៩០ថ្ងៃ ស្តីពីការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយខាងលើ បានថ្លែងថា៖ យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានបន្តទៀតថា៖ ការយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយក្តីជឿជាក់ និងពេញចិត្ត។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានបញ្ជាក់ទៀតថា៖ ការចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់បងប្អូនក្នុងប្រព័ន្ធសន្តិសុខសង្គម គឺជាការជួយគ្នាទៅវិញទៅមកនៅពេលយើងទទួលរងនូវហានិភ័យ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅ ដែលជាគោលនយោបាយនៃការចែករំលែកក្នុងការរួបរួមគ្នាតាមគោលការណ៍សាមគ្គីធម៌សង្គម។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានបង្ហាញឱ្យដឹងទៀតថា ៖ គិតរហូតមកដល់ពេលនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ២០ម៉ឺននាក់ទៅហើយ ដែលទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងចំនួនជាង ៥០០លើក ត្រឹមតែរយៈពេល ១ខែ កន្លងមកនេះ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានបន្តថា៖ ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានបម្រើសេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
    ឯកឧត្តមអភិបាលរង ក៏បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ក្នុងខេត្តស្វាយរៀង ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាកាដូដ៏ពិសេសបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ។
    សូមបញ្ចាក់ជូនថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំនៃសាកលវិទ្យាល័យស្វាយរៀង ដោយមានសមាសភាពអញ្ជើញចូលរួមពីមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបចំនួន ៣៥០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.